ពន្ធអាករទាំង១៨របស់កម្ពុជា

 តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ?

ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍមាតុភូមិ។ នេះជាកិច្ចសន្យាសង្គមដ៏មានសមធម៌បំផុត។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃ ទំនិញ ឬសេវា ហើយអ្នកជាប់ពន្ធគឺជាអ្នកប្រើប្រាស់ចុងក្រោយ។



១. ពន្ធលើប្រាក់ចំណេញ (Tax on Profit) ៖ ពន្ធនេះកំណត់លើអ្នកជាប់ពន្ធនិវាសនជន (ជនដែលរស់នៅលើទឹកដីកម្ពុជា) ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន (ជនបរទេសនៅកម្ពុជា ប៉ុន្ដែករណីអនិវាសនជនរស់នៅកម្ពុជាលើសពី១៨២ថ្ងៃគឺនឹងក្លាយជានិវាសនជន) ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភព កម្ពុជាប៉ុណ្ណោះ។

២. ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (Prepayment of Profit Tax)៖ រាល់សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណេញតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណេញតាម អត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់វៀលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណេញនៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។

៣. ពន្ធអប្បបរមា (Minimum Tax) ៖ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១% លើផលរបរ ប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេល ទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយក៏អាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

៤. ពន្ធកាត់ទុក (Withholding Tax)៖  ពន្ធកាត់ទុក សំដៅលើពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន។អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។

៥. ពន្ធលើប្រាក់បៀវត្ស (Payroll Tax)៖ ពន្ធនេះជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។

៦. អាករលើតម្លៃបន្ថែម(Value added Tax/VAT)៖អាករលើតម្លៃបន្ថែម គឺជាអាករដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករហើយកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ចុងក្រោយ។ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។ 


៧. អាករលើតម្លៃពិសេស (Special Tax on Certain Merchandise and Services) ៖ សំដៅដល់អត្រាអាករលើផលិតផល និង សេវាកម្មពិសេសដូចខាងក្រោម

• ៣% ចំពោះ សេវាទូរស័ព្ទក្នុងនិងក្រៅស្រុក

• ៥% ចំពោះ ស៊ីម៉ង់

• ១០% ចំពោះ សំបុត្រយន្តហោះ សេវាកំសាន្ត ភេសជ្ជៈគ្មានជាតិអាល់កុល និង ប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ព្រមទាំងវត្ថុធាតុដើមដើម្បីផលិតប្រេងម៉ាស៊ីន

• ២០% ចំពោះ បារី

• ៣០% ចំពោះ ស្រាបៀរ

• ៣៥% ចំពោះ ស្រា

មូលហេតុដែលបារី ស្រាបៀរ និង ស្រា ត្រូវជាប់អាករពិសេសក្នុងអត្រាខ្ពស់ជាងមុខទំនិញ និងសេវាផ្សេងៗ ដោយសារទំនិញទាំងបីមុខនេះ មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់។

៨. អាករលើផលរបរ (Tax on Gross Sales)៖ ជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។

៩. ពន្ធលើឈ្នួលផ្ទះ និង ដី (Tax on Property Rental)៖ ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ។ អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។

១០. ពន្ធតែមប្រិ៍ (Stamp Duty)៖ គឺជាពន្ធដែល កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស។ រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ និង ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ។ ពន្ធតែមប្រិ៍ ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ។

១១. ពន្ធប៉ាតង់(Patent Tax)៖ ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ផ្តើមពីថ្ងៃ ទី ១ មករាដល់ថ្ងៃទី ៣១ ខែមិនាជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាស ឬ ក្រុមហ៊ុនដែលទើបចាប់ផ្តើមប្រកបអាជីវកម្ម ត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬ បង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ។

១២. ពន្ធប្រថាប់ត្រា (Transfer Tax)៖ ពន្ធប្រថាប់ត្រាគឺជាពន្ធដែលជាទូទៅនៅប្រទេសកម្ពុជាយើង រដ្ឋប្រមូលចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ឬយានយន្ដគ្រប់ប្រភេទ ការផ្ទេរចំណែកភាគហ៊ុន  កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាកម្មប្រើថវិការដ្ឋ លិខិតគតិយុត្តិនៃនីតិបុគ្គល។ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាអោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ។ ប៉ុន្ដែពន្ធប្រថាប់ត្រាត្រូវបានលើកលែងករណីសម្បទានអចលនទ្រព្យពីរដ្ឋាភិបាល ការទទួលសិទ្ធិរង្វង់ញាតិដូចជាប្រទានកម្ម ឬ សន្ដតិកម្ម ការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទក្រោមកម្លាំង១៥០សេះ។

១៣. ពន្ធលើដីធ្លីមិនប្រើប្រាស់ (Unused Land Tax)៖ កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ។ពន្ធលើដីមិនបានប្រើប្រាស់ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដីដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។

១៤. ពន្ធសត្តឃាត (Slaughter Tax)៖ ជាការគិតថ្លៃពន្ធលើការសំលាប់សត្វយកសាច់។  តែសូមបញ្ជាក់ថាពន្ធសត្តឃាតនេះពុំត្រូវបានយកមកអនុវត្តទៀតឡើយ ព្រោះពន្ធនេះមានភាពស្មុគស្មាញពេក ដោយរាជរដ្ឋាភិបាលបានសំរេចលុបចោលចាប់ពីឆ្នាំ២០១៨ ដោយសំរេចអោយសត្តឃាតដ្ឋានទាំងអស់មកធ្វើការបង់ពន្ធលើប្រាក់ចំណេញវិញ។

១៥. ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ (Tax on means of Transportation)៖ អត្រាពន្ធ និង រយៈពេលកំណត់ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

១៦. អាករស្នាក់នៅ (Accommodation Tax)៖ អាករនេះគឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់គុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាព ដូចជាការប្រជុំឬសិក្ខាសាលា។យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបង្ហាញថា អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

១៧. អាករបំភ្លឺសាធារណៈ (Public Light Tax)៖   អាករមួយប្រភេទត្រូវបានកំណត់អត្រា៣ភាគរយលើគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ និង បារី ក្នុងព្រះរាជាណាច្រកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ សម្រាប់បំភ្លឺសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។   

១៨. ពន្ធលើអចលនទ្រព្យ (Tax on Real Property)៖  ការប្រមូលពន្ធត្រូវអនុវត្តចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។ ពន្ធនេះត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។


Reference :

https://m.facebook.com/story.php?story_fbid=pfbid02qgTHs7oD7WE8Kt2AeZRvzwbtiDpJqUDjBEg7TvhzpvB4pWCeHVhBVr4z6cKibJMEl&id=108459407481548&mibextid=2JQ9oc

Comments

Popular Posts